ថ្ងៃព្រហស្បតិ៍ និងសុក្រ ៥ - ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា , លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្ត្រី០១ រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រី ដែលអញ្ជើញជាតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង២៥ ប្រមាណ ១២០នាក់។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ វគ្គបណ្ដុះបណ្ដាលនេះ មានការថ្លែងមិតិបើកដោយឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ។ ដោយឡែកនៅថ្ងៃបិទវគ្គមានការប្រគល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួម និងមានការថ្លែងមតិបិទដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ ។